នំក្រូចក្រឡុកស្ករស គឺជានំមួយប្រភេទដែលគេធ្វើឡើងពីអង្គរដំណើប លាយជាមួយនឹងអង្គរខ្សាយ ហើយស្នូលត្រូវបានផ្សំឡើងពីសណ្តែកពណ៌លឿង។ ចំណែកឯស្ករសគេត្រូវប្រលាក់ពីខាងក្រៅនៅពេលដែលនំបានចៀនឆ្អិន។ ដូច្នេះដើម្បីឲ្យកាន់តែជ្រាបច្បាស់ខ្ញុំបាទមាន វិចិត្តសូម អានការណែនាំដូចខាងក្រោម៖
+ គ្រឿងផ្សំ
- ម្សៅអង្ករដំណើប ៣០០ក្រាម
- ម្សៅអង្ករខ្សាយ ៥ស្លាព្រាបាយ
- ស្ករស ៥ស្លាបព្រាបាយ
- ខ្ទិះដូង ១ចានធ្វើឲ្យនំកាន់តែមានរសជាតិឆ្ងាញ់ ឬប្រើទឹកក៏បាន
- ស្ករស ១ចានចង្កឹះ (ទុកដាក់ក្រឡុកខាងក្រៅ)
+ ស្នូលនំ
- សណ្តែកលឿង ២៥០ក្រាម (ត្រាំទឹក ២ម៉ោង ចំហុយឲ្យឆ្អិន)
- ប្រេងឆា ៤ស្លាបព្រាបាយ
- ស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ
- ខ្ទឹមក្រហម ១ដុំចិញ្ច្រាំ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ស្ករស ៤ស្លាបព្រាបាយ
+ វិធីធ្វើ
១. មុនដំបូងយកម្សៅអង្ករដំណើប, ម្សៅអង្ករខ្សាយ, ស្ករស និងខ្ទិះដូង លាយចូលគ្នាកូរឲ្យទៅជាម្សៅ។
២. ពេលក្លាយជាម្សៅហើយច្របាច់ ឬនួតវារួចទុក ១០-១៥នាទីឲ្យចូលជាតិខ្ទិះដូង។
៣. យកប្រេងឆាដាក់ចូលក្នុងឆ្នាំងខ្ទះរួចដាក់ខ្ទឹមក្រហមឆាឲ្យឈ្ងុយដាក់ស្លឹកខ្ទឹម, សណ្តែកចំហុយ, ស្ករស និងអំបិលឆាចូលគ្នាឲ្យស្អិតដាច់ទឹក(ធ្វើស្នូលនំ)។
៤. យកស្នូលនំមកលុញជាដុំមូលតូចៗល្មម បន្ទាប់មកយកម្សៅ ១ដុំស្មានមើលឲ្យត្រូវជាមួយស្នូលធ្វើឲ្យសំប៉ែត រួចដាក់ស្នូលនំពីលើបិតម្សៅឲ្យជិតស្នូលលុញឲ្យមូល។
៥. បន្ទាប់ពីធ្វើរួចរាល់ហើយ យកវាទៅដាក់ចៀនឲ្យឆ្អិនស្រង់ទុកសិន។
៦. យកស្ករសដាក់ចូលក្នុងឆ្នាំង ដាក់ទឹកចូលបន្តិចកូរឲ្យស្កររាងស្អិតដាក់នំដែលចៀនឆ្អិនចូលក្រឡុក ឬក៏កូរឲ្យស្ករជាប់ជាមួយនំឲ្យស្ងួតជាការស្រេច៕
រៀបចំអត្តបទដោយ : មាន វិចិត្ត