(កណ្តាល)៖
ដោយសារតែគ្មានការចុះបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចខេត្តកណ្តាល ទាំងនគរបាល
និងកម្លាំងអាវុធហត្ថ ព្រមទាំងកម្លាំងគណ:បញ្ជាការឯកភាពស្រុកនោះ
បានជំរុញឲ្យប្រជាពលរដ្ឋ បានផ្ញើសារ និងរូបថតមកកាន់អង្គភាព Fresh News
ដើម្បីចុះផ្សាយពីល្បែងជល់មាន់ដ៏ធំ ស្ថិតនៅក្នុងបន្ទាយវរ:ព្រំដែន៦០៥
ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល ដែលបានបើកដំណើរការជាង១ឆ្នាំ មកហើយ
ធ្វើឲ្យមានការទាក់ទាញយ៉ាងខ្លាំង ដែលពីមុនភាគច្រើនជាជនជាតិវៀតណាម
ប៉ុន្តែឥឡូវនេះ ជនជាតិខ្មែររាប់រយនាក់ បានសម្រុកទៅលេងយ៉ាងច្រើនកកកុញ។
ប្រជាពលរដ្ឋរូបនេះទំនងសាច់ញាតិរបស់ខ្លួន
លង់ខ្លួនជាមួយល្បែងជល់មាន់មួយនេះ បាននិយាយថា ល្បែងអបាយមុខនេះ
បានធ្វើឲ្យមានជម្លោះក្នុងគ្រួសារ រហូតវាយតប់គ្នា បំផ្លាញទ្រព្យសម្បត្តិ
និងលែងលះគ្នាទៀតផង ដូច្នេះហើយមានតែការលុបបំបាត់ទេ
ទើបអាចបញ្ចប់ស្ថានភាពទាំងនេះ។
សាររបស់ប្រជាពលរដ្ឋដែលផ្ញើមកកាន់អង្គភាពយើងខ្ញុំ មានអត្តន័យយ៉ាងដូច្នេះថា «ទីតាំងគឺក្នុងបន្ទាយវរ:ព្រំដែន
៦០៥ ដែលមានលោក លុយ ធៀម ជានាយក ស្ថិតនៅ ភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ
ស្រុកកោះធំ ខេត្តកណ្តាល។ ទីតាំងនេះបានដំណើរការជាង ១ ឆ្នាំហើយ
សង្ស័យមានពាក់ព័ន្ធតាំងពីឃុំ ស្រុក ខេត្តទៅ
ពីព្រោះនរណាក៏ដឹងដែរអំពីទីតាំងនេះ តែគ្មានដែលឃើញប៉ូលីស និងប៉េអឹម
ណាអើតកេសាមើលទេ។ អភិបាលខេត្តក៏ធ្លាប់ទៅដល់ទីនោះដែរ។ ពិចារណា??? ខំធ្វើផ្លូវ
ធ្វើប្រឡាយ ធ្វើសាលា ១ លានទៀតក៏ប្រជាជននៅតែខឹងដែរ
ព្រោះកន្លែងដែលប្រជាជនត្រូវការជួួយ អាជ្ញាធរធ្វើមិនដឹង។
លុយកាក់ដែលខំរកទាំងលំបាក ត្រូវរលាយដោយល្បែងអបាយមុខនេះ។
ប្តីប្រពន្ធឈ្លោះគ្នា គ្រួសារបែកបាក់ ព្រាត់ប្រាស់និរាស
ចុងបញ្ចប់លក់ខ្ទេចលក់ខ្ទី លក់ទាំមនះសិការ
ស្អប់រាជរដ្ឋាភិបាលដែលមិនជួយអោយគាត់មានបានដូចគេ»។
ខាងលើនេះគ្រាន់តែសាររបស់អ្នកស្រុកកោះធំ ប៉ុណ្ណោះ ពិតឫយ៉ាងណានោះ សូមឲ្យសមត្ថកិច្ច និងអាជ្ញាធរចុះទៅមើលផង៕







