ខ្ញុំបាទមានវិចិត្ត ធ្លាប់បានបង្ហាញជូនប្រិយមិត្តពីវិធីធ្វើមុខម្ហូបអាម៉ុករួចមកហើយ ដូចជាៈ អាម៉ុកសាច់មាន់ និងអាម៉ុកត្រីជាដើម។ ហើយថ្ងៃនេះ មង្គលការក៏មានមុខម្ហូបអាម៉ុកម្យ៉ាងទៀតគឺ អាម៉ុកខ្យង។ ខាងក្រោមនេះគឺជាគ្រឿងផ្សំ និងវិធីធ្វើរ :
+ គ្រឿងផ្សំ៖
- សាច់ខ្យង ១ចាន
- ខ្ទិះដូង ១ចានចង្កឹះ
- ស៊ុត ២គ្រាប់ (គោះដាក់)
- ទឹកត្រី ២ស្លាបព្រាបាយ
- ស្ករស កន្លះស្លាបព្រាបាយ
- ម្សៅស៊ុបមាន់ ២ស្លាបព្រាកាហ្វេ
- គ្រឿងបុក ៣-៤ស្លាបព្រាបាយ (គល់ស្លឹកគ្រៃ, ខ្ទឹមស, ខ្ទឹមក្រហម, ល្មៀត,ស្លឹកក្រូចសើច)
- ម្ទេសឆ្អើរចិញ្ច្រាំ ១ស្លាបព្រាបាយកន្លះ (បុកលាយជាមួយគ្រឿង)
- ម្ទេស ហាន់ចំណិតស្តើងៗ
- ជីនាងវង បេះរួចមួយចាន
+ វិធីធ្វើ
១. ដំបូងយកខ្យងមកលាយជាមួយ គ្រឿងបុករួច, ស៊ុត, ម្សៅស៊ុបមាន់, ស្ករស, ទឹកត្រី និងខ្ទិះដូង(ទុកខ្លះ) ឲ្យបានសព្វល្អ។
២.បន្ទាប់មកយកកូនចានដាក់ជីនាងវងចូលទ្រាប់ពីក្រោមរួចហើយ ដួសខ្យងដែលលាយគ្រឿងរួចដាក់ចូល។
៣.បន្ទាប់ពីដួសដាក់ចូលរួចរាល់ហើយយកវាទៅដាក់ចំហុយប្រហែលជា ២០នាទី យកខ្ទិះដូងដាក់ពីលើបន្តិចៗគ្រប់ទុកមួយភ្លេត ដាក់ម្ទេស និងស្លឹកក្រូចសើចពីលើបន្ថែមទៀតជាការស្រេច៕
រៀបចំអត្តបទដោយ : មាន វិចិត្ត